| |

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ, នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឆ្នាំ២០២៤នេះ ជាឆ្នាំមូលដ្ឋានកែសម្រួល និងកែទម្រង់ប្រព័ន្ធរដ្ឋបាល និងប្រព័ន្ធការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានធ្វើការកែទម្រង់ការងារលើសកម្មភាពគ្រប់គ្រងរោងចក្រ សហគ្រាសធុន តូច និងមធ្យម និងសិប្បកម្ម ដោយពង្រឹងការអនុវត្តច្បាប់ និងការធ្វើវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្មឱ្យមានប្រសិទ្ធភាពខ្ពស់។
សម្តេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់ កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា តាមរយៈការកែលម្អការប្រកួតប្រជែងក្នុងវិស័យអាទិភាពឱ្យមានលក្ខណៈថ្លៃថ្នូរ ស្មើភាព និងយុត្តិធម៌ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងប្រសិទ្ធភាព បរិយាបន្ន និងនិរន្តរភាព ។ ជាមួយនឹងការតាមដាន ការត្រួតពិនិត្យ និង ការវាយតម្លៃជាប្រចាំ នូវសមិទ្ធកម្ម នៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥», រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើបច្ចុប្បន្នភាពគោលនយោបាយដ៏សំខាន់នេះ ដោយដាក់ចេញនូវយុទ្ធសា្រស្ត និងវិធានការគោលនយោបាយសមស្រប សម្រាប់ធ្វើបរិវត្តកម្មឧស្សាកម្មកម្ពុជា ពីឧស្សាហកម្ម អតិពលកម្ម ទៅជាឧស្សាហកម្មពឹងផ្អែកលើជំនាញ ។