| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩

ភ្នំពេញ, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ក្រោមអធិបតីភាព ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងបន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤កន្លងទៅ បានប្រកាសដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ រយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ការដាក់ចេញយុទ្ធនាការលើកទី៩នេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានមើលឃើញថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់កន្លងមក កងកម្លាំងអនុវត្តច្បាប់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែង យ៉ាងសកម្មផុលផុស តស៊ូប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនយ៉ាងក្ដៅគគុក ដូចភ្លៀងរលឹម ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលបានការគាំទ្រ និងកិច្ចសហការពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេសករណីធំៗ និងករណីកែច្នៃផលិតសារធាតុញៀន ត្រូវបានបង្ក្រាបជាបន្ទាប់។