|

ព្រះរាជពិធីច្រត់ព្រះនង្គ័លព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤

កំពង់ស្ពឺ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមក្នុងព្រះរាជពិធីបុណ្យទ្វាទសមាស ច្រត់ព្រះនង្គ័ល និងពិធីតាំងពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុកឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែ ក្នុងបរិវេណមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានប្រារព្ធឡេីងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរត្រៀមខ្លួនចំពោះរដូវធ្វើស្រែចម្ការ ដែលផលិតផលកសិកម្មទាំងនោះជាវត្ថុធាតុដេីមសម្រាប់ផ្គត់ផ្គង់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ស្របតាមកម្មវត្ថុ ការនាំចេញនៅនឹងកន្លែង។ ប្រជាកសិករមានឱកាសជាច្រើនក្នុងការបម្រើ និងបំពេញតម្រូវការរបស់ភ្ញៀវទេសចរអន្តរជាតិ ដែលត្រឡប់មកទស្សនាកម្ពុជាវិញបន្តិចម្តងៗ រួមជាមួយនឹងភ្ញៀវទេសចរក្នុងស្រុករាប់លាននាក់។