រមណីយដ្ឋានទន្លេបាទីខេត្តតាកែវ
រមណីយដ្ឋានទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០គ.ម ពីរាជធានីភ្នំពេញ។ ភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក, គយគន់ថ្ងៃលិច, ជិះទូក និងម្ហូបអាហារបែបជនបទដ៏សំបូរបែប។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយមានតូបតូចធំប្រក់ស្បូវនិងស្លឹកត្នោតជាច្រើនសង់លើផ្ទៃទឹកគួរឲ្យចង់សម្រាកកម្សាន្ត ហើយអ្វីដែលអ្នកធ្វើដំណើរមិនភ្លេច គឺការទទួលទានអាហារស្រុកស្រែដ៏មានឱជារសប្រចាំតំបន់ទៀតផង។ ក្រៅពីបឹងដ៏ធំល្វឹងល្វេីយនេះ រមណីយដ្ឋានទន្លេបាទីក៏មានប្រាសាទបុរាណ២ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍គឺប្រាសាទតាព្រហ្ម ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន និងមួយទៀតគឺប្រាសាទយាយពៅ ដែលមានចម្ងាយ ១០០ម៉ែត្រពី ប្រាសាទតាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ។