ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តសៀមរាប
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តសៀមរាប ដើម្បីស្តាប់នូវរបាយការណ៍សង្ខេប វឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។
ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ភាគខាងជើងនិងពាយព្យ ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នានានៅក្នុងខេត្តរបស់ខ្លួន។