|

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់ជាអនុសាសន៍ និងណែនាំតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តនៅខែបន្ទាប់ ក៏ដូចជាស្តាប់នូវបញ្ហាប្រឈម ចំណុចខ្វះខាត និងសំណូមពរនានា ជាពិសេសការតាមដាន និងពិនិត្យវឌ្ឍនភាពការងារបន្តក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នាថ្ងៃទី១៣-១៥ ខែធ្នូ នៅខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍សរុបចំនួន ៥០នាក់។

ក្នុងកិច្ចប្រជុំដ៏មានអត្ថន័យនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើសមិទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែង អស់ពីកំលាំងកាយចិត្ត ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សមធម៌ និងគណនេយ្យភាពក្នុងការអនុវត្តការងារ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់។