ពិធីរត់កម្សាន្តមហាជន ចម្ងាយ ៥ គម ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ
នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីរត់កម្សាន្តមហាជន ចម្ងាយ ៥ គម ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ និងការចូលរួមផ្សព្វផ្សាយតំបន់គោលដៅ និងសក្តានុពលទេសចរណ៍ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មកពីគ្រប់ក្រសួង ស្ថាប័ន, រួមទាំងផ្នែកឯកជន, និងក្រុមអ្នករត់សរុបចំនួន ១,២១១នាក់ នៅបឹងតាកែវ ខេត្តតាកែវ។
ក្នុងថិរវេលាដ៏សែនមនោរម្យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជា “មាសបៃតង” និង “កីឡារស់ក្នុងសន្តិភាព” ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកវិស័យ ទេសចរណ៍ជាវិស័យអាទិភាព និងច ន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់មួយ និងបានបន្តយកចិត្តទុកដាក់ លើវិស័យកីឡា ដោយបានដាក់ចេញនូវពាក្យស្លោក “កីឡារស់ប្រកបដោយសុខដុមរមនាក្នុងសង្គមក្រោមម្លប់សន្តិភាព” និង”ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” ព្រមទាំងការជំរុញនូវចលនា“ប្រជាជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” ជាពិសេសកីឡាផ្សាភ្ជាប់នឹងវិស័យ ទេសចរណ៍ ដែលបានជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍។