១០ចំណុចរបស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត
១ – សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន
២- សហគមន៍ត្រពាំងសង្កែ ឈ្នះពានរង្វាន់ចំនួន២ពីសហគមន៍អាស៊ាន ពានរង្វាន់ សហគមន៍ ទេសចរណ៍ ស្តង់ដារ អាស៊ាន និង ពានរង្វាន់ ផ្ទះសំណាក់ សហគមន៍ ទេសចរណ៍ ស្តង់ដារ អាស៊ាន ក្នុងឆ្នាំ២០២៣
៣- ព្រៃកោងកាងមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ
៤- សកម្មភាពកម្សាន្តរួមមាន ការជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ ឬការបោះតង់
៥- សេវាកម្មទេសចរណ៍រួមមាន ការចំអិនអាហារ ផ្ទះស្នាក់ ជួលទូកសម្រាប់ជិះកម្សាន្ត និងកូនដើមកោងកាង
៦- តម្លៃផ្ទះស្នាក់៤ម៉ឺន៨ពាន់រៀល ក្នុងមួយយប់ (ថ្ងៃធម្មតា) និង៦ម៉ឺនរៀល (សម្រាប់ថ្ងៃឈប់សម្រាក) អាចគេងបានពី៤ទៅ៥នាក់
៧- តម្លៃទូកសម្រាប់ជួល ៦ម៉ឺនរៀលក្នុងមួយទូក អាចជិះបានគ្នា១០ទៅ១២នាក់
៨ – អ្នកទេសចរអាចទិញដើមកោងកាងដាំដើម្បីដាំ បន្សល់ទុកជាអនុស្សាវរីយ៍ និងជាផ្នែកមួយជួយដល់បរិស្ថានផងដែរ (តម្លៃ២ ពាន់រៀលក្នុងមួយដើម)
៩ – សហគមន៍ត្រពាំងសង្កែ មានស្ពានឈើប្រវែង១ពាន់ម៉ែត្រ សម្រាប់ឱ្យអ្នកទេសចរដើរគយគន់សម្រស់ដើមកោងកាង
១០- ដើមកោងកាង ជាប្រភេទរុក្ខជាតិសមុទ្រ ដែលដុះនៅតាមបណ្តោយឆ្នេរមានភក់ល្បាប់ មានទឹកជោរនាច ធន់នឹងកំហាប់អំបិលខ្ពស់ ហើយមានឫសជារបាំងយ៉ាងរឹងមាំសម្រាប់ការពារខ្យល់ព្យុះ ឬរលកសមុទ្រមិនឱ្យបោកបក់បំផ្លាញដំណាំនិងផ្ទះនៅតំបន់ឆ្នេរ។ ដើមកោងកាង១ហិកតា អាចស្រូបឧស្ម័នពុលពីបរិយាកាសបាន១តោន និងបញ្ចេញឧស្ម័នអុកស៊ីសែនបាន១តោនដូចគ្នា លើសពីនេះ ដើមកោងកាងជាជំរកសំខាន់របស់ជីវចម្រុះ ត្រី ខ្ចង ក្តាមគ្រប់ប្រភេទ និងក៏ជាកន្លែងសម្រាប់ឱ្យត្រីជ្រកពង ក្នុងរដូវត្រីពង។ ព្រៃកោងកាងក៏អាចបង្កើតជាតំបន់អេកូទេសចរណ៍ធម្មជាតិដែលអាចរក្សាការពារតម្លៃនៃធនធានធម្មជាតិឱ្យមាននិរន្តរភាព និងជួយលើកស្ទួយជីវភាពសហគមន៍។
លើស្ទួយជីវភាពសហគមន៍តាមរយ:ដំណើរកម្សាន្ត! 🇰🇭