|

ក្រសួងទេសចរណ៍បណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះចំនួន ៤,៥៥៦រូប តាមរយៈគណៈកម្មការគ្រប់គ្រងគម្រោង ហូកា

(ភ្នំពេញ) ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Christian DISLER អនុប្រធានសហប្រតិបត្តិការអន្តរជាតិ និងជានាយកកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន នៃទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការស្វីស ខន់ថាក់ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ទិវាជំនាញ ហូកា ឆ្នាំ២០២៤” ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា រ៉េស៊ីដង់ភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ វិស័យឯកជន អង្គការដៃគូ និងអ្នកជំនាញទេសចរណ៍សរុបប្រមាណ ៣០០រូប។

ក្រៅពីបូកសរុបលទ្ធផលការងាររបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយអង្គការស្វីស ខន់ថាក់ ដោយបានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះ និងអ្នកជំនាញតាមខេត្តគោលដៅសរុបចំនួន ៤,៥៥៦នាក់ លើជំនាញអាទិភាពចំនួន៧ របស់កម្មវិធីហូកា អង្គកម្មវិធីបានស្តាប់បទបង្ហាញ និងការចែករំលែកពីយុទ្ធសាស្ត្រ និងទន្សនទានថ្មីតាមរយៈបទបង្ហាញរបស់ភាគីពាក់ព័ន្ធរួមមាន៖ (១)បទបង្ហាញស្តីពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការបណ្តុះបណ្តាលយុវជន ១,៥លាននាក់ ដោយតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (២) បទបង្ហាញពីកម្មវិធីមូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund) ក្រោមកិច្ចសហការជាមួយក្រសួងទេសចរណ៍ដើម្បីផ្តល់សហហិរញ្ញប្បទានគាំទ្រដល់ការបណ្តុះបណ្តាលហូកា នៅទូទាំងប្រទេស និងកិច្ចពិភាក្សាតុមូលលើប្រធានបទសំខាន់ចំនួន ២រួមមាន៖ (១) យន្តការគាំទ្ររបស់ក្រសួងទេសចរណ៍ ក្នុងការគាំទ្រយុទ្ធសាស្ត្របណ្តុះបណ្តាលយុវជន ១,៥លាននាក់ និង(២) អភិវឌ្ឍន៍វិស័យកាហ្វេ គាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងគាំទ្រផលិតផលក្នុងស្រុក ដែលចែករំលែកដោយវគ្មិនកិត្តិយសមកពីអន្តរក្រសួង អគ្គនាយក/នាយិកាមកពីវិស័យឯកជន និងតំណាងសាលាបណ្តុះបណ្តាលផងដែរ។