|

កិច្ចប្រជុំផ្សព្វផ្សាយ អមជាមួយ​វគ្គបណ្តុះបណ្តាល ស្ដីពីការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍

ភ្នំពេញ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សេង ម៉េងហុង រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អមជាមួយ​វគ្គបណ្តុះបណ្តាល ស្ដីពីការចងក្រងស្ថិតិមូលដ្ឋានអាជីវកម្មទេសចរណ៍ ដោយមានការចូលរួមពី​ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងក្រសួងមហាផ្ទៃ, ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត, ប្រធានមន្ទីរ​ទេសចរណ៍រាជធានី ខេត្ត, ប្រធានអង្គភាពច្រកចេញ-ចូលតែមួយ រាជធានី ខេត្ត និងមន្ត្រីពាក់ព័ន្ធ សរុបប្រមាណ ១៥០នាក់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាគ្នាជាមួយ​ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហការលើការងារ​គ្រប់គ្រងស្ថិតិឧស្សាហកម្មទេសចរណ៍រវាងក្រសួងទេសចរណ៍ និងរដ្ឋបាលថ្នាក់​ក្រោមជាតិ ដែលគ្រប់គ្រងអាជីវកម្មទេសចរណ៍ តាមរយៈការផ្ដល់អាជ្ញាបណ្ណ​ទេសចរណ៍ ដើម្បីទទួលបានទិន្នន័យស្ថិតិ ដែលមានសង្គតិភាព និងប្រសិទ្ធភាព។