អំពីក្រសួងទេសចរណ៍

ក្រសួងទេសចរណ៍ត្រូវបានបង្កើតដោយ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍ ដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំលើកទី៥ នីតិកាលទី១ ដែលមានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រង លើវិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា។

តួនាទីនិងភារកិច្ច

ក្រសួងទេសចរណ៍មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

 • ដឹកនាំ គ្រប់គ្រង សម្របសម្រួល និងអភិវឌ្ឍលើវិស័យទេសចរណ៍
 • កំណត់និងរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងបទដ្ឋានគតិយុត្តពាក់ពន្ធ័ សំដៅគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បី រួមចំណែកកាត់បន្ថយភាពក្រីក្រនិងឆ្លើយតបនិងបម្រែបម្រួលអាកាសធាតុ
 • រួមចំណែកការពារនិងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទំលាប់ ដែលជាមូលដ្ឋានបម្រើឲ្យវិស័យ ទេសចរណ៍
 • ទាញយកផលប្រយោជន៍ក្នុងវិស័យទេសចរណ៍ឲ្យបានជាអតិបរិមា ធានាការបែងចែកប្រកបដោយសមធម៌ និងប្រកបដោយបរិយាបន្ន និងទប់ស្កាត់ផលប៉ះពាល់អវិជ្ជមាននៃវិស័យទេសចរណ៍
 • ផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា
 • ចាត់តាំងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស ដោយសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
 • គ្រប់គ្រងនិងត្រួតពិនិត្យព័ត៌មានទេសចរណ៍
 • គ្រប់គ្រងនិងជម្រុញទេសចរណ៍ក្នុងស្រុក
 • លើកកម្ពស់កិច្ចសហប្រតិបត្តិការទូលំទូលាយ រកទីផ្សារ និងជម្រុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព ដោយមានការចូលរួមពីក្រសួង ស្ថាប័នពាក់ពន្ធ និងវិស័យឯកជន
 • ពង្រឹងការអភិវឌ្ឍអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍មូលដ្ឋាន ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ពន្ធ័អភិវឌ្ឍធនធានមនុស្យក្នុងវិស័យទេសចរណ៍ឲ្យស្របតាមស្តង់ដាជាតិនិងអន្តរជាតិ អាស៊ាន តំបន់ និងពិភពលោក
 • គ្រប់គ្រងនិងត្រួតពិនិត្យសាលាជំនាញវិជ្ជាជីវៈទេសចរណ៍និងគ្រឹះស្ថានអប់រំទេសចរណ៍
 • ធានានិងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធស្ដង់ដានានាក្នុងវិស័យទេសចរណ៍និងប្រព័ន្ធធានាគុណភាពដោយផ្ដល់សន្ដិសុខ សុវត្ថិភាព ផាសុកភាព និងបង្កើនការពេញចិត្តដល់ទេសចរ
 • គ្រប់គ្រងអាជីកម្មទេសចរណ៍ រមណីដ្ឋានទេសចរណ៍ និងសេវាកម្មផ្សេងទៀត បម្រើឱ្យវិស័យទេសចរណ៍ តាមរយៈការផ្ដល់អាជ្ញាបណ្ណទេសចរណ៍
 • ត្រួតពិនិត្យនិងធ្វើអធិការកិច្ចលើអាជីវកម្មទេសចរណ៍ រម្មណីដ្ឋានទេសចរណ៍ និងសេវាកម្មផ្សេងទៀតដែលបម្រើឱ្យវិស័យទេសចរណ៍
 • រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាពលើកកម្ពស់ និងជំរុញចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងចលនាប្រឡងប្រណាំងធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍
 • ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាតិនិងអន្ដរជាតិក្នុងវិស័យទេសចរណ៍
 • សហការគ្រប់គ្រងសមាគមឧស្សាហកម្មទេសចរណ៍
 • សហការរួមចំណែកការពារបរិស្ថាននិងលើកកម្ពស់ “កម្ពុជាស្អាត កម្ពុជាបៃតង”
 • សហការជំរុញការវិនិយោគទេសចរណ៍ ស្របតាមផែនការអភិវឌ្ឍជាតិនិងផែនការអភិវឌ្ឍទេសចរណ៍កម្ពុជា
 • សហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងការដោះស្រាយវិវាទទេសចរណ៍
 • សហការគ្រប់គ្រងនិងឯកជនភាវូបនីយកម្មនៃសហគ្រាសទេសចរណ៍របស់រដ្ឋ
 • សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការគ្រប់គ្រងដីធ្លីរបស់រដ្ឋ ដែលបានជួលសម្រាប់គោលបំណងទេសចរណ៍
 • សហការជាមួយនគរបាលទេសចរណ៍និងសមត្ថិច្ចពាក់ព័ន្ធ ដើម្បីធានាសន្ដិសុខ សុវត្ថិភាពទេសចរ
 • ផ្ដល់យោបល់លើផែនការប្រើប្រាស់ដីធ្លី តាមរយៈយន្ដការគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 • ផ្ដល់យោបល់លើហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈ បម្រើឱ្យវិស័យទេសចរណ៍
 • ផ្ដល់យោបល់លើការផ្ដល់សម្បទានសម្រាប់គោលបំណងទេសចរណ៍
 • សហការផ្ដល់យោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើការកសាងគោលនយោបាយពន្ធដារលើអាជីវកម្មទេសចរណ៍ ទិដ្ឋាការ និងគោលនយោបាយអាកាសចរណ៍
 • រៀបចំនិងអនុវត្ត សម្របសម្រួល និងពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងផ្នែកឯកជន ក្នុងការអនុវត្តបទប្បញ្ញត្តិ គោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព និងកម្មវិធីនានាពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដូចមានចែងក្នុងច្បាប់ស្ដីពីទេសចរណ៍
 • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ
 • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនពីរាជរដ្ឋាភិបាល។

building1 ក្រសួងទេសចរណ៍