គំនិតផ្តួចផ្តើមអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៣-២០២៨
- នៅក្នុងអាណត្តទី៧ នេះ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជាឆ្ពោះទៅកាន់អនាគតថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន, ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត ក្រោមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយគុណភាព ភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ឆ្ពោះទៅកាន់អនាគតថ្មី ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់ទឹក ដី និងធម្មជាតិ» សំដៅធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍សកលឈានមុខប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ ក្នុងការរួមចំណែកលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា។ ផែនការយុទ្ធសាស្រ្តនេះ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨, យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, គោលនយោបាយ និងផែនការយុទ្ធសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងវិស័យទេសចរណ៍។
- ដើម្បីសម្រេចបានចក្ឋុវិស័យនេះ គោលដៅយុទ្ធសាស្ត្រចំនួន៣ ត្រូវបានកំណត់ រួមមាន ១-ភាពប្រកួតប្រជែងទេសចរណ៍ ២-ចីរភាពទេសចរណ៍ និង៣-បរិយាបន្នទេសចរណ៍ ហើយគោលដៅយុទ្ធសាស្ត្រទាំង៣នេះ មានសសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ ហៅកាត់ថា បង្កើន៥-BUILD ព្រមទាំងមានការងារគាំទ្រជាអាទិភាពចំនួន៣ ហៅកាត់ថា អភិវឌ្ឍ៣-3Ds។
បង្កើន៥-BUILD ជាសសរស្តម្ភយុទ្ធសាស្ត្រសម្រាប់ពង្រឹងវិស័យទេសចរណ៍ទាំងមូល – បង្កើន៥នេះមាន
- បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅ អាទិភាពកាន់តែស្គាល់ កាន់តែយល់ឃើញជាវិជ្ជមាន និងកាន់តែទទួលស្គាល់កម្ពុជាជាគោលដៅទេសចរណ៍សកលឈានមុខ។
- បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយទាក់ទាញទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ ដើម្បីធ្វើឱ្យទេសចរណ៍នៃទីផ្សារគោលដៅអាទិភាព និងពិភពលោកចាប់អារម្មណ៍មកទស្សនា។
- ប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងនៃការធ្វើដំណើររបស់ភ្ញៀវ និងហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុងដើម្បីសម្រួលការធ្វើដំណើរ និងជំរុញគុណភាពនៃការធ្វើដំណើរស្របតាមស្តង់ដារអន្តរជាតិ។
- បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរដោយផ្អែកលើបេតិកភ័ណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ ឆ្នេរសមុទ្រ និងប្រជាជនខ្មែរ ភាពជាខ្មែរ និងពង្រឹងសេវាទេសចរណ៍ សេវាមួយស្តង់ដារមួយ តាមរយៈការដាក់ចេញ និងការអនុវត្តស្តង់ដារបៃតងសម្រាប់ផលិតផល និងសេវាទេសចរណ៍ទាំងនៅកម្រិតថ្នាក់ជាតិ និងតំបន់អាស៊ាន ដើម្បីបង្កើតច្រករបៀងទេសចរណ៍។
- បង្កើនការអភិវឌ្ឍធនធានគោលដៅទេសចរណ៍ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ជំរុញការវិនិយោគនៅតាមតំបន់ទេសចរណ៍។
ដោយឡែក ចំពោះការអភិវឌ្ឍ៣ ដើម្បីគាំទ្រនិងជំរុញការអនុវត្តបង្កើន៥ខាងលើនេះគឺ
- ទី១. អភិវឌ្ឍរចនាសម្ពន្ធស្ថាប័ន និងពង្រឹងយន្តការអភិបាលកិច្ចទេសចរណ៍ ដោយរាប់ទាំងការគិតគូរដល់ការរៀបចំបង្កើតក្រុមប្រឹក្សាជាតិទេសចរណ៍ និងការពង្រឹងអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (DMOs) តាមរាជធានី-ខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ ដោយបង្កើនកិច្ចសហការភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធនានា។
- ទី២. អភិវឌ្ឍបរិវត្តកម្មឌីជីថលក្នុងវិស័យទេសចរណ៍ ដោយត្រូវមានផែនការ និងធនធានច្បាស់លាស់ក្នុងការអនុវត្តស្របតាមដំណាក់កាលឌីជីថលនីយកម្ម (Digitization) ឌីជីថលូបនីយកម្ម (Digitalization) និងបរិវត្តកម្មឌីជីថល (Digital Transformation)។
- ទី៣. អភិវឌ្ឍធនធានមនុស្ស ដោយផ្តោតសំខាន់លើការអប់រំបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ ឆន្ទៈ មនសិការ គុណធម៌ និងសីលធម៌សម្រាប់បុគ្គលិក-និយោជិត និយោជក និងន្ត្រីរាជការ ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងវិស័យទេសចរណ៍ឱ្យស្របតាមតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ធ្វើយ៉ាងណាធានាបានថាបុគ្គលិកម្នាក់មានជំនាញមួយ ជាពិសេសបណ្តុះបណ្តាលអ្នកជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដាអាស៊ាន ព្រមទាំងលើកកម្ពស់សុខុមាលភាពមន្ត្រីទេសចរណ៍ប្រកបដោយសមធម៌ និងបរិយាបន្ន។