មតិស្វាគមន៍របស់ឯកឧត្តមរដ្ឋមន្ត្រី

សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រផ្លូវការថ្មីរបស់ក្រសួងទេសចរណ៍!

ឯកឧត្តម សុខ សូកេន

រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សូមស្វាគមន៍ចំពោះការចូលមកទស្សនាគេហទំព័រផ្លូវការថ្មីរបស់ក្រសួងទេសចរណ៍!

គេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍នេះ គឺបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនជាតិ និងអន្តរជាតិ នូវព័ត៌មានទូទៅទាក់ទងនឹងដំណើរការ និងសកម្មភាពនានារបស់ក្រសួងទេសចរណ៍ ព្រមទាំងព័ត៌មានទាក់ទងនឹងវិស័យទេសចរណ៍ដូចជា គោលនយោបាយ ច្បាប់ ផែនការយុទ្ធសាស្ត្រ ស្ថិតិទេសចរណ៍ សេវាសាធារណៈ ព្រឹត្តិការណ៍នានា និង វឌ្ឍនភាពសំខាន់ៗនៃវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការនេះក៏នឹងក្លាយជាឧបករណ៍ស្រាវជ្រាវ ឬជាបណ្ណាល័យអេឡិចត្រូនិកមួយដ៏មានសារៈសំខាន់ផងដែរសម្រាប់ អ្នកស្រាវជ្រាវ និងសាធារណជន ទូទៅ ដែលចង់ស្វែងរកនូវរាល់អត្ថបទច្បាប់ និងបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍។ បន្ថែមពីលើនេះ គេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ ក៏នឹងក្លាយជាប្រព័ន្ធទំនាក់ទំនងមួយដ៏សំខាន់ ដែលអាចជួយលោកអ្នកក្នុងការដោះស្រាយនូវចម្ងល់ ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងវិស័យទេសចរណ៍ ឬអាចផ្តល់នូវមតិយោបល់នានាពាក់ព័ន្ធនឹងសកម្មភាពការងាររបស់ក្រសួង ក៏ដូចជារបស់មន្រ្តីក្រសួងទេសចរណ៍ សំដៅពង្រឹងប្រសិទ្ធភាពការងារក្នុងវិស័យទេសចរណ៍។

ក្រសួងទេសចរណ៍ នឹងបន្តធ្វើបច្ចុប្បន្នភាពគេហទំព័រនេះជាប្រចាំ ដើម្បីឱ្យសាធារណជនអាចទទួលបាននូវព័ត៌មានផ្លូវការ ជាមួយនិងការធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ។

ជាចុងក្រោយ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលទស្សនាគេហរទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍ និងសូមជូនពរមិត្តអ្នកអានទាំងអស់ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ។

រដ្ឋមន្ត្រី