ឯកឧត្តម សុខ សូកេន ផ្ញើសារចូលរួមអបអរសាទរជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសទទួលបានពានកិត្តិយស​ថ្នាក់មាសរបស់​មិត្តកាយឫទ្ធិនារីតំបន់អាស៉ីប៉ាស៉ីហ្វិក ​និងប្រកាសនីយបត្រ​ថ្នាក់សកលរបស់​ OB-PS

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទទាំងអស់ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា ដែលលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសទទួលបានពានកិត្តិយសថា្នក់មាសរបស់មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រកាសនីយបត្រថ្នាក់សកលរបស់ OBPS សមាគមពិភពលោកនៃចលនាកាយឫទ្ធិនារី ដែលជាព្រឹត្តិការណ៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាប្រវត្តិសាស្ត្រនៃចលនាកាយឫទ្ធិនារីកម្ពុជា។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជាទទួលបាននូវមហាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់មហាគ្រួសារនៃចលនាកាយឫទ្ធិកម្ពុជា និងបានលើកកម្ពស់កិត្យានុភាពជាតិមាតុភូមិលើឆាកអន្តរជាតិ។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំប្រសិទ្ធពរជ័យគ្រប់ប្រការជូនចំពោះលោកជំទាវបណ្ឌិត និងសហការី ព្រមទាំងសូមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីប្រគល់និងទទួលប្រកាសនីយបត្រ និងផ្លាកសញ្ញាមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕