| |

កិច្ចប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ.

ភ្នំពេញថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ – គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅកាត់ថា “គ.អ.ច.ទ.” បានបើកកិច្ចប្រជុំពេញអង្គលើកទី១ ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង គ.អ.ច.ទ.។ កិច្ចប្រជុំនេះបានលើកឡើងពីសារៈសំខាន់នៃយន្តការរបស់គណៈកម្មការអន្តរក្រសួង ក្នុងការសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាទូទាំងប្រទេស ជាពិសេសបានចូលរួមចំណែកក្នុងការពង្រឹងគុណភាព នៃការធ្វើដំណើររបស់ភ្ញៀវទេសចរ និងបង្កើនភាពទាក់ទាញរបស់កម្ពុជា ជាគោលដៅទេសចរណ៍ ប្រកបដោយភាពកក់ក្តៅជាមួយនឹងបដិសណ្ឋារកិច្ចល្អ។

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការអន្តរក្រសួង បានបញ្ជាក់ថា ទោះនេះជាកិច្ចប្រជុំពេញអង្គលើកទី១ក៏ពិតមែន តែកិច្ចប្រជុំនេះជាឱកាសក្នុងការពិនិត្យរួមគ្នាលើស្ថានភាពនៃការសម្រួលការធ្វើដំណើរនាពេលបច្ចុប្បន្ន និងចែករំលែកគ្នាអំពីបញ្ហាប្រឈម ឬភាពអសកម្មណាមួយ តាមរយៈការចូលរួមយ៉ាងផុលផុសដើម្បីរួមគ្នាលើកជាយោបល់ និងផ្តល់ជាគំនិត ដើម្បីធ្វើយ៉ាងណាឲ្យធ្វើភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ព្រំដែន ក៏ដូចជាធ្វើដំណើរទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងភាពកក់ក្តៅ។