| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបៃហ្សង់ដែលមាននិវេស្សនដ្ឋានប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ

ភ្នំពេញ, ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សែបៃហ្សង់ដែលមាននិវេស្សនដ្ឋានប្រចាំនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា និងបានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ចែករំលែកបទពិសោធន៍ តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា វិទ្យាស្ថានជាតិទេសចរណ៍ និងសាលាវិជ្ជាជីវៈទេសចរណ៍ជាដើម។ ដោយឆ្នាំ២០២៤ ជាឆ្នាំគម្រប់ខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-អាហ្សែបៃហ្សង់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានស្នើ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពសហការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃទំនាក់ទំនងការទូតនេះ និងជំរុញលំហូរទេសចរនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានឯកភាពជំរុញការចុះហត្ថលេខាលើអនុស្សណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញការតភ្ជាប់ប្រទេសទាំងពីរឲ្យបានឆាប់រហ័សផងដែរ។