ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការជទីគោរពរាប់អាន!
ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមនៃការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ខ្ញុំសូមគូសបញ្ជាក់នូវសារៈសំខាន់ក្រៃលែងក្នុងការដាក់ចេញគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រ ភាសារួមសម្រាប់ក្រសួងទេសចរណ៍។
ដួច្នេះហើយ គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មីនេះ មានគោលបំណងលើកកម្ពស់ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមរបស់យើងសំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកល ឈានមុខមួយ។ គំនិតផ្តួចផ្ដើមនេះបានកំណត់នូវចក្ខុវិស័យ បេសកកម្ម យុទ្ធសាស្ត្រ និងគោលដៅ ដែលអាចធ្វើឱយើងសម្រេចបាននូវចក្ខុវិស័យដោយមានការយល់រួមគ្នា។ នៅពេលដែលយើងប្រកាន់ខ្ជាប់នូវផ្នត់គំនិត និងភាសារួម ក្នុងការរៀបចំផែនការ ប្រតិបត្តិការ និងតាមដានគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រថ្មីនេះ យើងនឹងអាចសម្រេចបានលទ្ធផលដូចខាងក្រោម៖
- ភាពច្បាស់លាស់នៃគោលបំណង៖ ភាសារួមនឹងធានាបានថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ យល់ច្បាស់ពីភាពចាំបាច់ កម្មវត្ថុ និងផែនការសកម្មភាពនៃយុទ្ធសាស្ត្ររបស់យើង។ កត្តានេះនឹងផ្ដល់ភាពអង់អាចឱ្យយើងទាំងអស់គ្នា ធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដែលញ៊ាំងឱ្យកិច្ចខំប្រឹងប្រែងរបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងទិសដៅរួមគ្នាមួយ។
- ការធ្វើសេចក្ដីសម្រេចចិត្តរួម៖ នៅពេលដែលយើងប្រកាន់ខ្ជាប់នូវភាសារួមពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះ ដំណើរការនៃការធ្វើសេចក្ដីសម្រេចចិត្ត នឹងកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងអាចធ្វើសង្គមតិភាពសេចក្ដីសម្រេចចិត្តរបស់យើង ឱ្យស្របតាមក្រខណ្ឌនៃគំនិតផ្តួចផ្ដើមយុទ្ធសាស្ត្រនេះក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវលទ្ធផលដែលយើងរំពឹងទុក។
- ការពង្រឹងកិច្ចសហការ៖ ភាសារួមនឹងលើកទឹកចិត្តឱ្យមានកិច្ចសហការល្អ រវាងគ្រប់អង្គភាពពាក់ព័ន្ធក៏ដូចជារវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។ ភាសារួមនេះអាចឱ្យយើងបង្កើតវេទិកាមួយសម្រាប់កិច្ចពិភាក្សាបើកចំហ និងការផ្ដល់មតិយោបល់ប្រកបដោយស្ថាបនា ដែលអនុញ្ញាតឱ្យយើងប្រើប្រាស់ភាពចម្រុះនៃជំនាញ និងភាពសម្បួរបែបនៃទស្សនៈរបស់យើង។
- ការធ្វើសហថាមភាពរវាងគម្រោង និងសកម្មផាព៖ យើងអាចធ្វើសហថាមភាពលើកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការអនុវត្តគម្រោង និងសកម្មផាពជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ ការធ្វើបែបនេះនឹងបង្កើនស័ក្តិសិទ្ធភាពនៃការបែងចែកធនធាន និងធានាបានថា បេសកម្មនានារបស់យើងនឹងអាចបំពេញឱ្យគ្នាទៅវិញទៅមក
សរុបមក គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ និងភាសារួមនេះគឺជាត្រីវិស័យនៃប្រតិបត្តិការ និងសកម្មភាពការងាររបស់ក្រសួងទេសចរណ៍។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សម្រាប់ពលិកម្មនិងការប្តេជ្ញាចិត្តឥតងាករេចំពោះបេសកកម្មដ៏ឧត្ដុង្គឧត្ដមរបស់យើង។ ខ្ញុំសូមគោរពជូនពរថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។