ក្រសួងទេសចរណ៍គាំទ្រព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival) ដែលរៀបចំដោយវិស័យឯកជន

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្ត បានអញ្ជើញជាធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ “បុណ្យភ្នំ (Phnom Festival)” ដោយមានការចូលរួមពីរដ្ឋបាលស្រុកវាលវែង វិស័យឯកជន និងទេសចរប្រមាណ ៣០០រូប ក្រោមកិច្ចសហការរៀបចំដោយមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ កាហ្វេភ្នំ ក្រុមហ៊ុន Wonderpass Technology, Solo Landscapes និងKai Creative Station។

ព្រឹត្តិការណ៍ខាងលើរៀបចំឡើងក្នុងគោលបំណងរួមមាន៖ (១) ជំរុញចលនាទេសចរណ៍ក្នុងស្រុកស្របតាមស្មារតីរបស់ក្រសួងទេសចរណ៍ “ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី” (២) ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគតំបន់ភ្នំ១,៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាពិសេសផលិតផលទេសចរណ៍ថ្មីៗ រមណីយដ្ឋានទេសចរណ៍ប្រណិត និងធម្មជាតិដ៏ស្រស់ បំព្រងសមជាគោលដៅ “បុប្ផាលាក់ខ្លួន” នៃខេត្តពោធិ៍សាត់។(៣) ភ្ជាប់ទំនាក់ទំនងរវាងវិស័យរដ្ឋាភិបាល និងឯកជន ជាពិសេសលើកទឹកចិត្តដល់អ្នកវិនិយោគគោលដៅទេសចរណ៍នៅក្នុងតំបន់ភ្នំ១,៥០០ និងបង្ហាញពីការយកចិត្តទុកដាក់ របស់ក្រសួងទេសចរណ៍ តាមរយៈការរៀបចំព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍នានា។ (៤)ជំរុញលើកកម្ពស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយឌីជីថល និងការកក់សំបុត្រ ចូលរួមតាមប្រព័ន្ធ Wonderpass Technology។