| |

កិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍

ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសហការីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភាក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា នីតិកាលទី៧។ ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារវិស័យទេសចរណ៍នៅកម្ពុជា រួមទាំងនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ព្រមទាំងបានលើកឡើងពីសារៈសំខាន់ និងការអនុវត្តគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” និងទិសដៅយុទ្ធសាស្ត្រផ្សេងៗទៀតរបស់ក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅឆ្នាំ២០២៤ និងទៅអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីការជំរុញការដាក់អោយដំណើរការក្រុមប្រឹក្សាទេសចរណ៍កម្ពុជា (CTB) ដែលជាទិសដៅអាទិភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាង រដ្ឋ-ឯកជន-ប្រជាជន និងលើកកម្ពស់កិត្តិនាមរបស់កម្ពុជាឱ្យក្លាយជាគោលដៅសាកលឈានមុខដែលមានសុវត្ថិភាព ការប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ន។