សិក្ខាសាលាផ្សព្វផ្សាយចែករំលែកចំណេះដឹង ស្តីពីនីតិវិធីតាមដាន និងវាយតម្លៃ សមិទ្ធកម្ម

(ទីស្តីការក្រសួងទេសចរណ៍)៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយចែករំលែកចំណេះដឹង ស្តីពីនីតិវិធីតាមដាន និងវាយតម្លៃ សមិទ្ធកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធនៅរដ្ឋបាលកណ្តាលក្រសួងទេសចរណ៍ សរុបជាង១៦០នាក់។

សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ក្នុងការចែករំលែកចំណេះដឹងជា

មូលដ្ឋានអំពី ១).ការរៀបចំរបាយការណ៍សមិទ្ធកម្មដែលជាមូលដ្ឋានគ្រឹះនៃការកសាងភាពជឿទុកចិត្ត នៃការប្រើប្រាស់ថវិកាជាតិ ឆ្ពោះទៅការកសាងគណនេយ្យភាពផ្អែកលើសមិទ្ធកម្មពេញលេញ ២).យល់ដឹងពីសារៈសំខាន់នៃការតាមដាន និងវាយតម្លៃសមិទ្ធកម្មដែលជាយន្តការតម្រង់ទិស នៃការប្រើប្រាស់ថវិកាឱ្យស្របនឹងផែនការយុទ្ធសាស្រ្តជាតិរបស់ក្រសួង ស្ថាប័ន ៣).ការបង្កើតចំនួនអង្គភាពថវិកា និងការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិជូនអង្គភាពថវិកា ដែលជាយន្តការគ្រប់គ្រងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងស័ក្កសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា បច្ចុប្បន្ននេះ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់រាជរដ្ឋាភិបាលបានឈានចូលដំណាក់កាលទី៤ ដែលជាដំណាក់កាលចុងក្រោយរបស់ខ្លួន និងបានអនុវត្តចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧ « ការកសាងគណនេយ្យភាពសមិទ្ធកម្ម» ដោយផ្តោតសំខាន់ ទៅលើការគ្រប់គ្រង និងវាយតម្លៃលទ្ធផល និងសមិទ្ធផល។