| | | |

កម្មវិធីលែងកូនត្រីនិមិត្តរូប អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានរៀបចំកម្មវិធីលែងកូនត្រីនិមិត្តរូប អបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលសាលាខេត្ត តំណាងអង្គទូតនៃបណ្តាប្រទេសមេគង្គបូកមួយ និងប្រទេសជាមិត្ត និងបវកញ្ញា Universal Woman សរុបប្រមាណ ១០០នាក់ នៅទីតាំងស្របតាមដងស្ទឹងសៀមរាប ខេត្តសៀមរាប។

ពិធីព្រលែងកូនត្រីនិមិត្តរូបនាពេលនេះ គឺជាផ្នែកមួយដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលបាននឹងកំពុងប្រារព្ធឡើងនៅខេត្តសៀមរាប ដ៏ស្រស់ត្រកាលរបស់កម្ពុជា ក្នុងបរិបទដែលពិភពលោកទាំងមូល បាននឹងកំពុងចាប់ផ្តើម មានស្ថានភាពល្អប្រសើរឡើងវិញសម្រាប់វិស័យទេសចរណ៍។