| |

កិច្ចពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន

ភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការពន្លឺអនាគត ដែលដឹកនាំដោយលោក យិត វិរ៉ាស៊ី នាយកប្រតិបត្តិនៃអង្គការពន្លឺអនាគត ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីគោលនយោបាយ យុទ្ធសាស្រ្តគន្លឹះ និងការវិវត្តថ្មីៗ នៃវិស័យទេសចរណ៍ ដល់ប្រតិភូ និងសិស្សានុសិស្សជនជាតិជប៉ុន ដើម្បីទទួលបានចំណេះដឹង និងព័ត៌មានអំពីវិស័យទេសចរណ៍ សម្រាប់ជាមូលដ្ឋាននៅក្នុងការសិក្សា ចូលរួមផ្សព្វផ្សាយ និងចែករំលែកដល់ភ្ញៀវទេសចរជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា វិស័យទេសចរណ៍ជាស្ពានសម្រាប់ការផ្តាស់ប្តូរវប្បធម៌ ការសិក្សា និងប្រជាពលរដ្ឋ ព្រមទាំងសម្រាប់ការបង្កើនភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តដល់ភាគីជប៉ុនដែលពាក់ព័ន្ធ ចូលរួមគាំទ្រក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផងដែរ។ ជាលទ្ធផលនៃជំនួបនេះ ក្រសួងទេសចរណ៍ និងអង្គការពន្លឺអនាគត បានសម្តែងនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារជប៉ុន ព្រមទាំងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។