|

ពិធីផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.

(ទីស្ដីការក្រសួងទេសចរណ៍) ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ញើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈជូន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងទេសចរណ៍សរុបជាង២៥០រូប ក្រោមកិច្ចសហការចូលរួមពី ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្រ្ដីជំនាញប.ស.ស.។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.ជាមន្រ្ដីសាធារណៈ ឱ្យចុះបញ្ជីជាសមាជិកប.ស.ស តាមរបបភាគទានដោយស័គ្រ្មចិត្ត ដើម្បីទទួលបានប្រយោជន៍ផ្នែកថែទាំសុខភាព   គ្រប់ៗគ្នា។ ឯកឧត្តមបានលើកទ្បើងថា របបសន្តិសុខសង្គមជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើង ដើម្បីជួយដល់ប្រជាជនក្នុងការការពារពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូលដែលបណ្តាលមកពីជំងឺ លំហែមាតុភាពគ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅតាមអត្រាជាក់លាក់នៅក្នុងមូលនិធិមួយដើម្បីការពារហានិភ័យទាំងអស់នេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យអ្នកក្នុងបន្ទុកសមាជិកប.ស.ស របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្នុងក្រសួងទេសចរណ៍ ចូលរួមចុះបញ្ជីប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត ដើម្បីទទួលបានការការពារផ្នែកសន្តិសុខសង្គមផ្នែកថែទាំសុខភាពគ្រប់ៗគ្នា។