|

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា

ភ្នំពេញ,ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកស្រី ឆាយ ស៊ីណាត ប្រធានសមាគម និងសមាជិក ដើម្បីជួបពិភាក្សាការងារ និងទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តីលើវិស័យទេសចរណ៍ និងស្វែងរកការគាំទ្រពី ក្រសួងទេសចរណ៍លើកម្មវិធីពិព័រណ៌គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិលើកទី១៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៥ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ឆាប់ៗខាងមុខ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចាត់ទុកកម្មវិធីនេះជាវេទិកាសម្រាប់បង្ហាញពិភពលោកពីកម្រិតគុណភាពគ្រឿងអលង្ការ និងត្បូងមានតម្លៃរបស់កម្ពុជា និងផ្តល់ការគាំទ្ររៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ។ ដោយទ្បែក ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំសមាគមរៀបចំក្រមប្រតិបត្តិ និងក្រុមសីលធម៌វិជ្ជាជីវៈសម្រាប់អាជីវកម្មគ្រឿងអលង្ការ និងត្បូងកម្ពុជា ជៀសវាងឱ្យបានជាដាច់ខាតការលក់ផលិតផលក្លែងក្លាយជូនទេសចរ។