| |

កិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ, ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្រ្តី – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានចូលរួមកិច្ចប្រជុំលើកទី១ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ សម្រាប់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងមានចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវរដ្ឋមន្ត្រី អនុប្រធាន, និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃគណ:កម្មការ។
នាឱកាសកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើបទអន្តរាគមន៍ចែករំលែកអំពីបច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងខេត្តសៀមរាប និងបានស្នើសុំកិច្ចសហការពីគ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប សូមបន្តចូលរួមឱ្យបានសកម្មក្នុងយន្តការ គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ដើម្បីជំរុញការអនុវត្ត ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ ឱ្យសម្រេចបានជោគជ័យ ធានាប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដែលនឹងបានជាផ្លែផ្កាចូលរួមដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ព្រមជាមួយនឹងការគាំទ្រដល់ការរីកចម្រើននៃអន្តរវិស័យនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចសង្គម។