សិក្ខាសាលាស្តីពីការផ្តល់សុពលភាពលើឯកសារផ្លូវទស្សនាកម្ពុជា (​Mekong Discovery Trail Map)

រដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ផ្តល់សុពលភាពលើផែនទីផ្លូវទស្សនាមេគង្គ (Mekong Discovery Trail Map) ដើម្បីជំរុញកញ្ចប់ទស្សនកិច្ចតំបន់មេគង្គលើ និងកម្ពុជា-ឡាវ។ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោមការគាំទ្ររបស់កម្មវិធីអភិវឌ្ឍន៍ជំនាញ និងការសម្របសម្រួលរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ឯកឧត្តម ធូ ចាន់ពៅ អភិបាលរងខេត្តស្ទឹងត្រែង រួមជាមួយឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្តល់សុពលភាពលើលើឯកសារ និងផែនទីផ្លូវទស្សនាមេគង្គកម្ពុជា (Mekong Discovery Trail Map) សម្រាប់ការអភិវឌ្ឍទេសចរណ៍ដងទន្លេមេគង្គលើខេត្តក្រចេះ និងស្ទឹងត្រែង និងការភ្ជាប់កញ្ចប់ទស្សនកិច្ចដល់ប្រទេសឡាវ ដោយមានការចូលរួមពីលោក/លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តស្ទឹងត្រែង និងក្រចេះ អង្គការដៃគូរពាក់ព័ន្ធ វិស័យឯកជន និងសហគមន៍ទេសចរណ៍សរុបចំនួន ៧៥រូប។ អង្គសិក្ខាសាលាបានស្តាប់បទបង្ហាញពីដំណើរ គោលបំណង និងទិសដៅរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តដើម្បីជំរុញអភិវឌ្ឍវិស័យទេសចរណ៍តំបន់មេគង្គលើដោយ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ និងបទបង្ហាញស្តីពីនីតិវិធីសិក្សាស្រាវជ្រាវ និងរៀបចំឯកសារ និងផែនទីផ្លូវទស្សនាមេគង្គ ដោយតំណាងអង្គការ NTFP-EP ដោយក្នុងនោះក្រុមការងារបច្ចេកទេសបានរៀបចំកិច្ចប្រជុំបច្ចេកទេស និងបានចុះត្រួតពិនិត្យជាក់ស្តែងនូវតំបន់សក្តានុពលទាំងឡាយដោយធ្វើដំណើរតាមមធ្យោបាយចំរុះដូចជា៖ ទូក ថ្មើរជើង រថយន្ត និងម៉ូតូ ចាប់ពីព្រំប្រទល់កម្ពុជា-ឡាវ នៃខេត្តស្ទឹងត្រែង ចុះមកខ្សែរទឹកខាងក្រោមរហូតដល់ស្រុកឆ្លូងខេត្តក្រចេះ។ ក្រៅពីនេះ ក្នុងនាមប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានធ្វើបទបង្ហាញលម្អិតពីបច្ចុប្បន្នភាពវិស័យទេសចរណ៍ខេត្ត និងសក្តានុពលទេសចរណ៍សំខាន់ៗតាមដងទន្លេមេគង្គ ដែលជាផលិតផលទាក់ទាញទេសចរណ៍ដ៏សំខាន់ៗផងដែរ។

សូមរាយការណ៍ជូនថា ក្នុងឆ្នាំ២០០៦ ក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានសហការជាមួយអង្គការ UNWTO និងអង្គការ SNV និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្តក្នុងការចងក្រងបង្កើត និងដាក់ឲ្យប្រើប្រាស់ ផ្លូវទស្សនាមេគង្គលើ (Upper Mekong Trail Map) នៅតាមបណ្តោយដងទន្លេមេគង្គលើ ចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង ព្រំដែនកម្ពុជា-ឡាវ។

តាមរយៈផ្លូវទស្សនាមេគង្គលើ នេះបានធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្គាល់ និងមកទស្សនាខេត្តទាំងពីរច្រើនកុះករ ជាហេតុនាំឲ្យវិស័យទេសចរណ៍នៅក្នុងខេត្តទាំងពីរមានសន្ទុះកើនឡើងគួរឲ្យកត់សំគាល់ និងប្រជាសហគមន៍អេកូទេសចរណ៍ នៅតាមដងទន្លេមេគង្គលើ ទទួលបានប្រាក់ចំណូលកើនឡើង តាមរយៈការផ្តល់សេវាកម្មទេសចរណ៍ផងដែរ។ តាមរយៈផ្លូវទស្សនាមេគង្គ បានធ្វើឲ្យទេសចរបរទេសបានជ្រើសរើសខេត្តក្រចេះ និងខេត្តស្ទឹងត្រែងជាគោលដៅចម្បងទី២ (Secondary Destinations) ដោយភ្ជាប់ការទស្សនាពីរាជធានីភ្នំពេញ និងខេត្តសៀមរាប និងបន្តដំណើរទៅកាន់ប្រទេសឡាវ និងពីប្រទេសឡាវមកកាន់ខេត្តស្ទឹងត្រែង និងក្រចេះ រួចបន្តដំណើរទៅកាន់ខេត្តសៀមរាបជាដើម។

សូមឯកឧត្តមរដ្ឋមន្ត្រីមេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់។
ដោយក្តីគោរពខ្ញុំបាទ ចាន់ សុគន្ធី