ពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់លើថ្មម៉ាប នៅខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ,ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ចម ក្រស្នា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់លើថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការរៀបចំកសាង អភិវឌ្ឍន៍ ប្រែក្លាយមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ឱ្យទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជាដ៏ល្អប្រណិតថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ ពីព្រះពុទ្ធសាសនានៅកម្ពុជា។