ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ថ្លែងក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ «ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»
នារសៀលថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងទេសចរណ៍ សរុបចំនួន ៣៥០រូប។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា (Hand made in Cambodia) ។
អង្គភាពក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវបុរេសកម្ម, សកម្ម និងអន្តរសកម្ម ផ្តល់កិច្ចសហការល្អ ក្នុងភាពជាដៃគូ ជាមួយវិស័យឯកជន ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោកដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ អនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។