ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Jean Claude Duez ប្រធានសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា
ភ្នំពេញ ថ្ងៃទី០៥ ខែ កុម្ភៈ ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ លោក Jean Claude Duez, ប្រធានសមាគមស្ប៉ានិងសុខុមាលភាពកម្ពុជា ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ បន្ថែមលើនោះ លោក Jean Claude Duez, បានលើកឡើងពីការចូលរួមពង្រឹងគុណភាពសេវាកម្មតាមរយៈការជំរុញឱ្យសមាជិកអនុវត្តតាមការណែនាំ និងបទបញ្ញតិ្តជាធរមាន ដែលក្រសួងទេសចរណ៍បានដាក់ចេញ។ ជាពិសេសការចូលរួមសហការជាមួយក្រសួងទេសចរណ៍ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ហើយប្ដេជ្ញាចូលរួមយ៉ាងសកម្មជាមួយយុទ្ធនាការផ្សេងៗរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ លើសពីនេះទៀត ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃការជំរុញឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ដែលមានភាពប្រកួតប្រជែងខ្ពស់លើផ្នែកស្ប៉ា និងសុខុមាលភាព។