អបអរសាទរបេក្ខជនមកពីខេត្តស្ទឹងត្រែង ទទួលជ័យលាភីលេខ ១ លើការប្រកួតជំនាញឆុងកាហ្វេ (Latte Art Battle)!
(ភ្នំពេញ) តាមរយៈការប្រកួតជំនាញចាក់ឡាតេ នាឱកាសទិវាជំនាញ ហូកា ឆ្នាម២០២៤ ក្រោមប្រធានបទ៖ វិនិយោគទេសចរណ៍ វិនិយោគលើធនធានមនុស្ស នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បេក្ខជនឈ្មោះ ពៅ ហឿ បុគ្គលិកកាហ្វេឡានក្រុង SMK Bus Cafe and Cocktail ខេត្តស្ទឹងត្រែង បានគ្រងជ័យលាភីលេខ ១ ក្រោយការប្រកួតយ៉ាងស្វិតស្វាញជាមួយបេក្ខជន៨ រូបផ្សេងទៀត ដែលមកពីតាមបណ្តាខេត្តទំាង១០ នៃគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa)។
មានបេក្ខជនប្រកួតសរុបមានចំនួន០៨រូប ដែលទទួលបានការបណ្តុះបណ្តាលជំនាញពី ហូកា ដោយធ្វើការប្រកួតម្តងចំនួន២រូប និងជម្រុះយកលេខ១ចុងក្រោយ។ បេក្ខជនជ័យលាភីត្រូវបានឆ្លងកាត់ការវាយតម្លៃសមត្ថភាពដោយគណៈវិនិឆ្ឆ័យចំនួន ០៣រូប ដែលសុទ្ធតែជាអ្នកជំនាញក្នុងជំនាញឆុងកាហ្វេ និងអនុវត្តតាមនីតិវិធីវាយតម្លៃ និងការផ្តល់ពិន្ទុ ដែលបានរៀបចំឡើងក្នុងកិច្ចប្រជុំគណៈកម្មការវាយតម្លៃនៅមុនកាលប្រកួត ហើយកម្មវិធីប្រកួតជំនាញនេះ មានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុន Gourmet Beverage Solutions Co., Ltd។
សូមគូសបញ្ជាក់ផងដែរថា ជំនាញឆុងកាហ្វេ ជាជំនាញអាទិភាពមួយ របស់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ហើយអ្នកជំនាញត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងការធ្វើតេស្តសមត្ថភាព ក្រោយការសិក្សា ដោយក្នុងដំណាក់កាលទី២ ឆ្នាំ២០២០-២០២៤ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានធ្វើការបណ្តុះបណ្តាលជំនាញឆុងកាហ្វេ ដល់សិក្ខាកាមសរុបចំនួន ៥០៦រូប ។