សម្ដេចនាយករដ្ឋមន្ដ្រីកែសម្រួលពេលវេលាទស្សនាប្រាសាទស័ក្ដិសមសម្រាប់ភ្ញៀវគយគន់ថ្ងៃរះ និងថ្ងៃលិច
សម្ដេចនាយករដ្ឋមន្ដ្រីកែសម្រួលពេលវេលាទស្សនាប្រាសាទស័ក្ដិសមសម្រាប់ភ្ញៀវគយគន់ថ្ងៃរះ និងថ្ងៃលិច
ប្រាង្គប្រាសាទនានានៅប្រទេសកម្ពុជាសុទ្ធតែជាគោលដៅទាក់ទាញភ្ញៀវទេសចរទាំងប្រវត្ដិសាស្ដ្រ រចនាប័ទ្ម រួមទាំង ជាទីតាំងគយគន់ថ្ងៃរះ និងថ្ងៃលិចដ៏ល្អឥតខ្ចោះ។
ក្នុងចំណោមបទពិសោធន៍ជាច្រើនប្រទេសនេះផ្តល់ជូន ការមើលថ្ងៃលិចនៅលើប្រាសាទបុរាណ គឺជាពេលវេលានៃភាពស្ងប់ស្ងាត់ និងភាពស្រស់ស្អាតដែលអ្នកធ្វើដំណើរជាច្រើនចូលចិត្ត។
ឥឡូវនេះ បទពិសោធន៍នេះត្រូវបានកែសម្រួលឱ្យកាន់តែល្អប្រសើរ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងគោលបំណងដើម្បីបង្កើនបទពិសោធន៍ភ្ញៀវទេសចរ ក្នុងសារពិសេសមួយទៅកាន់សាធារណៈជន នាល្ងាចថ្ងៃទី ២២ ខែសីហា សម្តេចមហាបវរធិបតី បានបង្កើនម៉ោងទស្សនានៅប្រាសាទល្បីៗមួយចំនួនក្នុងខេត្តសៀមរាប សម្រាប់ការទស្សនាថ្ងៃលិច និងថ្ងៃរះ។ ការផ្លាស់ប្តូរទាំងនេះត្រូវបានរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនដែលចង់ឃើញភាពអស្ចារ្យនៃទិដ្ឋភាពថ្ងៃលិចរួមជាមួយប្រាង្គប្រាសាទរបស់កម្ពុជា នៅពេលដែលវាបានបញ្ចេញពណ៌មាសទៅលើវិមានប្រវត្តិសាស្ត្រទាំងនេះ។ ពីមុនភ្ញៀវត្រូវចាកចេញពីប្រាសាទអង្គរវត្តត្រឹមម៉ោង ៥:៣០ ល្ងាច ប៉ុន្តែអ្នកដែលចូលមុនម៉ោងនេះអាចបន្ដនៅរហូតដល់ម៉ោង ៦:៣០ ល្ងាច។
ជាមួយនឹងការកែសម្រួលពេលវេលាថ្មីនេះ ភ្ញៀវទេសចរអាចរីករាយនឹងបរិវេណប្រាសាទរហូតដល់ម៉ោង ៦:០០ ល្ងាច ដោយភ្ញៀវទេសចរមានពេលវេលាគ្រប់គ្រាន់ក្នុងរីករាយជាមួយភាពស្រស់ស្អាតនៃព្រះអាទិត្យកំពុងអស្ដង្គត់។ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម យើងកែសម្រួលម៉ោង ៧ព្រឹកដល់ម៉ោង៧យប់ ទៅម៉ោងបើកពីម៉ោង ៦ព្រឹកដល់ម៉ោង ៧យប់។
ដោយឡែកប្រាសាទផ្សេងៗទៀតដែលបច្ចុប្បន្នយើងបើកពីម៉ោង៧ព្រឹកដល់ម៉ោង៥កន្លះល្ងាច នឹងបើកពីម៉ោង៦ព្រឹក និងបិទនៅម៉ោង ៦កន្លះល្ងាច»។ សម្តេចមហាបវរធិបតី បានថ្លែងថា ជម្រើសថ្មីដែលនឹងត្រូវសម្រេចនាពេលខាងមុខនេះ គឺការប្រើកងពាក់នៅលើដៃរបស់ភ្ញៀវទេសចរបរទេស ឬប្រើ QR Code នៅលើទូរស័ព្ទដើម្បីស្កែននៅពេលពួកគាត់ចូលទស្សនាប្រាសាទ។ ក្នុងចំណោមប្រាសាទនានា ភ្នំបាខែង លេចធ្លោជាកន្លែងដ៏ល្អបំផុតមួយដើម្បីរីករាយនឹងថ្ងៃលិច។ ស្ថិតនៅលើកំពូលភ្នំ វាផ្តល់នូវទិដ្ឋភាពទេសភាពនៃប្រាសាទអង្គរវត្ត និងព្រៃជុំវិញ។ ពេលវេលាដែលត្រូវបានបន្ថែមថ្មីនឹងផ្តល់ឱ្យអ្នកទស្សនានូវភាពបត់បែនកាន់តែច្រើនក្នុងការរៀបចំគម្រោងការមកលេងរបស់ពួកគេទៅកាន់ទីតាំងសំខាន់នេះ៕