សកម្មភាពដាំដើមឈើអបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ជុំទី៣ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍
ខេត្តកែប៖ នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តកែប បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”។ ឯកឧត្តម សុ ខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីនៅក្នុងពិធីនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរ អង្គភាព មន្ត្រីរាជការអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជនកាយរឹទ្ធិសរុបប្រមាណ ៨០០នាក់ នៅទីតាំងស្របតាមផ្លូវប្របមាត់សមុទ្រជាប់ឆ្នេរអង្កោល ស្ថិតនៅឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
កម្មវិធីដាំដើមឈើ រៀបចំឡើងក្នុងគោលបំណង ១)រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា តាមរយៈការជំរុញសកម្មភាពដាំដើម ឈើឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយប្រកបដោយការទាក់ទាញសម្រាប់ភ្ញៀវទេសចរ (Experiential & memory tourism product) ២)រួមចំណែកទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ កាត់បន្ថយប្រភពនៃការកើនឡើងកំដៅភពផែនដី និងទប់ស្កាត់គ្រោះធម្មជាតិ ដូចជាទឹកជំនន់ខ្យល់ព្យុះជាដើម ៣)ជំរុញប្រែក្លាយយុទ្ធនាការនេះ ជាយន្តការផ្សព្វផ្សាយទេសចរណ៍បៃតងកម្ពុជាដ៏មានប្រសិទ្ធភាព និងចូលរួមដល់នយោបាយទាក់ទាញទេសចរឲ្យមកទស្សនាច្រើនដង (Repeat Tourist)។