ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសមពី ឯកឧត្តម បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY)
ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជំនួបសម្តែងការគួរសមពី ឯកឧត្តម បួរកែវ ភូមវង់សៃ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពង្រឹងទេសចរណ៍ រវាងប្រទេសទាំងពីរប្រកប ដោយនិរន្តរភាព និងភាពធន់ ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង និងការពង្រឹង សមត្ថភាពប្រកួតប្រជែងក្នុងកម្រិតអនុតំបន់ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាគ្នាបន្ថែមក្នុងការជំរុញមន្រ្តីជំនាញនៃប្រទេសទាំងបី (កម្ពុជា ឡាវ និង វៀតណាម) ពិភាក្សារៀបចំផែនការសកម្មភាពរួមស្តីពីទេសចរណ៍ “ប្រទេសទាំងបី គោលដៅតែមួយ” និងពិនិត្យ លទ្ធភាពរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីត្រីភាគីកម្ពុជា-ឡាវ-វៀតណាម អំឡុងវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤ ដែលនឹងរៀបចំឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ។