ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ភ្នំពេញ, ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៥អនក្រ.បក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា។ កិច្ចប្រជុំនាថ្ងៃនេះត្រូវបានរៀបចំក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលបន្ថែម ដើម្បីស្វែងរកភាពជាតំណាងរបស់វិស័យឯកជនក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា មុននឹងដាក់ឆ្លងស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល។ ក្រុមប្រឹក្សាភិបាលនេះមានសមាជិកចំនួន១៥រូប ក្នុងនោះមានប្រធានក្រុម ប្រឹក្សាភិបាល០១រូប, តំណាងមកពីស្ថាប័នរបស់រាជរដ្ឋាភិបាលចំនួន០៧រូប និងតំណាងផ្នែកឯកជន០៧រូប ដែលដំណើរការប្រចាំថ្ងៃ នឹងដឹកនាំដោយនាយកប្រតិបត្តិ០១រូប និងមានសមាសភាពគណៈកម្មការពិគ្រោះយោបល់ដែលជាអ្នកជំនាញក្នុងវិស័យទេសចរណ៍ផងដែរ។