ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤
ភ្នំពេញ, នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រេចបាននៅឆ្នាំ២០២៣ កន្លងទៅ និង សូមសម្តែងនូវការគោរពដឹងគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៦ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបានណែនាំ និង តម្រង់ទិសដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលកន្លងមក ក៏ដូចជា សម្ដេចក្រឡាហោម ស ខេង និង ឯកឧត្ដមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន រួមជាមួយនឹងថ្នាក់ដឹកនាំដទៃទៀត ក្នុងការដឹកនាំអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ៨ ឆ្នាំ ២០២៣ ទទួលបាន លទ្ធផលគួរជាទីមោទនៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញគោលដៅទប់ស្កាត់ និងឈានទៅលុបបំបាត់គ្រឿងញៀនក្នុងសង្គមខ្មែរ ហើយដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀន។ លើសពីនេះ សម្តេច ក៏បានដាក់ចេញនូវបទបញ្ញត្តិយ៉ាងតឹងរឹងប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀននៅក្នុងស្ថាប័នរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងក្រោមជាតិ ប្រសិនបើមានរកឃើញពាក់ព័ន្ធគ្រឿងញៀន នឹងត្រូវដេញចេញពីក្របខណ្ឌ។