ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល
នំពេញ,ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលមានលោក ហ្រ្វាន់ស្វ័រ ស្នូបេលែន នាយកសាលាប៉ូលឌុយប្រ៊ូល និងជាអនុប្រធានគណៈកម្មាធិការទេសចរណ៍នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិភាក្សាលើការជំរុញការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសលើការពង្រឹងគុណភាពបណ្តុះបណ្តាល ជំនាញទេសចរណ៍ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់ស្របទៅតាមតម្រូវការទីផ្សារការងារ និងការវិវត្តន៍នៃវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច និងការធ្វើដំណើរ។ ជាលទ្ធផលនៃជំនួបនេះ ក្រសួងទេសចរណ៍ និងសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងនាមភាពជាដៃគូជិតស្និទ្ធលើការជំរុញបណ្តុះបណ្តាល ជំនាញទេសចរណ៍ដល់យុវជន និងអ្នកបម្រើការក្នុងវិស័យទេសចរណ៍សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាប និងតំបន់ជុំវិញផងដែរ។