កិច្ចប្រជុំពិភាក្សាលើផែនការដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (HoKa)
ក្រសួងទេសចរណ៍គ្រោងបណ្តុះបណ្តាលយុវជនប្រមាណ ៣,៥២០រូប ចាប់ពីឆ្នាំ២០២៤-២០២៨ តាមរយៈកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា (HoKa)!
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) រួមជាមួយលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញ និងលោកជំទាវ វណ្ណ សេរីរត្ន័ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជានាយកខុទ្ទកាល័យ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការដំណាក់កាលទី៣ ឆ្នាំ២០២៤-២០២៨ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយបានបូកសរុបលទ្ធផលរបស់កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) និងវាយតម្លៃពីភាពជោគជ័យក្នុងការអនុវត្តដំណាក់កាលទី១ និងទី២ ហើយសម្រាប់កម្មវិធីបណ្តុះបណ្តាលដំណាក់កាលទី៣ ក្រសួងទេសចរណ៍ បានដាក់ចេញគោលដៅបណ្តុះបណ្តាលយុវជន និងគ្រូបង្គោល/អ្នកវាយតម្លៃបង្គោលសរុបឱ្យបាន៣,៥២០រូប ក្នុងនោះ៥០ភាគរយជាស្ត្រី នៅក្នុងខេត្តគោលដៅចំនួន១២។ កម្មវិធី ហូកា ស្ថិតក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់ទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងសម្របសម្រួលគម្រោងដោយអង្គការស្វីស ខន់ថាក់។