ពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា

ទីក្រុងញ៉ូដេលី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ – ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ផ្នែកឯកជន និងក្រុមសិល្បៈ មកពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចូលរួមរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” នៅសណ្ឋាគារ Shangri-La Eros ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា តាមរយៈជើងហោះហើរត្រង់លើកដំបូង ភ្នំពេញ-ញ៉ូដេលី របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ (Cambodia Angkor Air) ដែលបានចាប់ផ្តើមហោះហើរលើកដំបូង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងនៃការរៀបចំពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤”នេះ គឺដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាក្នុងទីផ្សារឥណ្ឌា និងអនុវត្តយុទ្ធនាការ “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤” ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍របស់ប្រទេសទាំងពីរ (កម្ពុជា និងឥណ្ឌា) ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ធុរកិច្ចទេសចរណ៍កម្ពុជា ធុរកិច្ចទេសចរណ៍ឥណ្ឌា និងបណ្តាសារព័ត៌មានឥណ្ឌា សរុបប្រមាណ ២០០នាក់។