ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប
សៀមរាប, ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប ប្រមាណ៧០រូប នៅមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការជំរុញការវិភាគមុខងារ និងពង្រឹងរចនាសម្ព័ន្ធស្ថាប័ន និងបានលើកឡើងពីការវិវត្តនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងកិច្ចការងារជំរុញការគិតគូរបង្កើតខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍សំខាន់ៗ ដើម្បីផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្ត និងតំបន់ជុំវិញ។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានរំលេចពីការរៀបចំផែនការអភិវឌ្ឍរបៀងទេសចរណ៍ធម្មជាតិនៅក្នុងនោះតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឱ្យក្លាយជាគោលដៅទេសចរណ៍ជំនឿ សាសនា ធម្មជាតិ និងផ្សងព្រេងផងដែរ។