ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍
ភ្នំពេញ, ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា តាមដាន និងវាយតម្លៃការងារសំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេស “ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងទេសចរណ៍” និងយុទ្ធនាការធំៗទាំង៣៖ “ឆ្នាំទស្សនាសៀមរាប ២០២៤” “ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤” “ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤” ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការចូលរួម និងបានផ្ដល់អនុសាសន៍ដល់អង្គថ្នាក់ដឹកនាំ និងប្រធានអង្គភាពនីមួយៗ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យរៀបចំវិភាគឡើងវិញនូវមុខងារឱ្យបានច្បាស់លាស់ និងការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការងារ និងសមិទ្ធផលនៃស្ថាប័នផងដែរ។