|

ពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ លើកទី១ ឆ្នាំ២០២៤»

ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបប្រចាំឆ្នាំ លើកទី១ ឆ្នាំ២០២៤»  ក្រោមប្រធានបទ៖ “ការពង្រឹងសេវាកម្មទេសចរណ៍ និងអេកូទេសចរណ៍ ឆ្ពោះទៅរកការលើកកម្ពស់ជីវភាពសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិតំបន់បឹងទន្លេសាប ប្រកបដោយនិរន្តរភាព”។

វេទិកានេះ ជាឱកាសនៃការជួបជុំដ៏សំខាន់មួយ ដោយមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន រួមជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងបងប្អូនប្រជាសហគមន៍មកពីបណ្តារាជធានី ខេត្តទូទាំងប្រទេស ដើម្បីពិភាក្សាអំពីការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍នៅតំបន់បឹងទន្លេសាប តាមរយៈយន្តការស្ថាប័នមួយក្រោមចំណុះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) និងក្រសួងទេសចរណ៍ គឺ “បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប” ។ វេទិកានេះផងដែរ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយទៅដល់ប្រជាសហគមន៍នៅទូទាំងប្រទេសអំពីអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ចនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើង។ មិនតែប៉ុណ្ណោះប្រជាសហគមន៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ ក្នុងឧស្សាហកម្មទេសចណ៍ទាំងអស់បានសាទរនូវសមិទ្ធផលក្នុងរយៈពេល១ឆ្នាំដំបូងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ជាពិសេសគឺការគាំទ្រ និងជឿជាក់លើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។