ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ទេសចរណ៍តំបន់ស្វយ័ត Guangxi Zhuang ចូលជួបសម្តែងការគួរសម និងពីភាក្សាការងារ
ទីក្រុង Guilin៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម Gan Lin ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ ទេសចរណ៍ តំបន់ស្វយ័ត Guangxi Zhuang និងសហការី ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានសមាគមទេសចរណ៍វប្បធម៌ក្វាងស៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនវិនិយោគទេសចរណ៍ Guilin Shenghui Group និងនាយកប្រតិបត្តិក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Guilin Tianyuan ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តមរដ្ឋមន្រ្តី មកចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin ខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបពិភាក្សានេះគឺផ្តោតជាសំខាន់ទៅលើការជំរុញការផ្សព្វផ្សាយទេសចរណ៍របស់កម្ពុជាឱ្យបានទូលំទូលាយនៅទីក្រុងគួយលីន និងតំបន់ដទៃទៀតនៃខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីកៀរគរទេសចរចិនមកកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើឱ្យមានការទប់ស្កាត់ការផ្សាយព័ត៌មានមិនពិតឬអវិជ្ជមានពីកម្ពុជា នៅក្នុងសហគមន៍ចិនផងដែរ។ បន្ថែមលើនេះ, ភាគីកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ភាគីចិនលើកិច្ចសហប្រតិបត្តិការលើប្រព័ន្ធ Smart Tourism Platform ដែលនឹងតភ្ជាប់ជាមួយប្រទេសអាស៊ាន ដើម្បីសម្រួលការផ្តល់ព័ត៌មានដល់ទេសចរឱ្យបានកាន់តែប្រសើរ។
សម្រាប់ឆ្នាំ២០២៤ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤”, ភាគីទាំងពីរមានជំនឿយ៉ាងមុតមាំក្នុងការជំរុញទេសចរបន្ថែមទៀត រវាងខេត្តក្វាងស៊ី ប្រទេសចិន និងប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តឱ្យទេសចរចូលរួមឱ្យបានច្រើនកុះករក្នុងព្រឹត្តការណ៍នានានៅខេត្តសៀមរាបនាពេលខាងមុខ មានជាអាទិ៍ ព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន និងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន។