ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន៖ នាឱកាសព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ានលើកទី២១ ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្តង់ពិព័រណ៍ពាណិជ្ជកម្មរបស់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនផងដែរថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមមូលបទ “លើកកម្ពស់មិត្តភាពស្មោះត្រង់ រួមគ្នាអភិវឌ្ឍន៍ និងចែករំលែកផលប្រយោជន៍ប្រកបដោយបរិយាប័ន្ន ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការមកុដពេជ្រដើម្បីអនាគតថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន និងអាស៊ាន ដើម្បីកំណើនក្នុងតំបន់”។ គណៈកម្មការរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មបានសម្របសម្រួលរៀបចំស្តង់ពិព័រណ៍ពាណិជ្ជកម្មចំនួន ៨៩ស្តង់ និងមាន ៥៨ក្រុមហ៊ុនបានចូលរួម ដោយបានដាក់តាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជា ផលិតផលសម្គាល់ភូមិសាស្រ្ត (GI) ផលិតផលកសិកម្ម ឧស្សាហកម្ម វាយនភ័ណ្ឌ សូត្រ គ្រឿងអលង្ការ និងសេវាកម្មវិនិយោគនិងទេសចរណ៍ ជាដើម។ល។
ក្នុងឳកាសនោះផងដែរ ឯកឧត្តម សូ ម៉ារ៉ា ក៏បានអញ្ជើញធ្វើបទបង្ហាញអំពីសក្តាដានុពលទេសចរណ៍ និងថ្លែងសុន្ទរថាបិទកម្មវិធីវេទិការធុរកិច្ច វិនិយោគ និងទេសចរណ៍ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។