| |

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៅមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារ ព្រមទាំងបានណែនាំអំពីរបៀបរបបការងារ និងការបំពេញភារកិច្ចដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ មន្ទីរទេសចរណ៍ ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងមូលធនមនុស្ស ស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ និងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព។

ក្នុងពិធីនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់សម្រាប់ក្រុមខេត្តតំបន់ឦសាន ដែលជាក្រុមខេត្តមួយក្នុងចំណោមក្រុមខេត្តអាទិភាពទាំង៣ ត្រូវសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ប្តូរវេនគ្នា ឱ្យមានភាពប្រទាក់ក្រឡា រៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្តរបស់ខ្លួន។