| |

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group

រសៀលថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក HIROYUKI OKA នាយកប្រតិបត្តិក្រុមហ៊ុន Sun Music Group និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងស្នើសុំការគាំទ្រ និងសហការលើគម្រោងវិនិយោគរបស់ក្រុមហ៊ុន លើការចាប់ផ្តើមអាជីវកម្មនៅកម្ពុជា ព្រមទាំងការរៀបចំកម្មវិធីប្រគុំតន្ត្រីនាពេលខាងមុខ ដែលមានការចូលរួមរបស់ផលិតកម្ម ក្នុងការរៀបចំតារាល្បីៗជប៉ុនជាទូតទេសចរ ដើម្បីទាក់ទាញទេសចរជប៉ុនមកទស្សនានៅកម្ពុជា។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោកនាយកក្រុមហ៊ុន និងសហការីដែលបានអញ្ជើញមកទស្សនាកម្ពុជា ព្រមទាំងថ្លែងអរគុណដល់ក្រុមហ៊ុនដែលបានជ្រើសរើសប្រទេសកម្ពុជាក្នុងការវិនិយោគ និងមានឆន្ទៈក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។