ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Zhang Min សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ទីក្រុងចឹងចូវ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការគណបក្សកុម្មុយនីស្តចិនប្រចាំខេត្តហឺណាន បានជួបពិភាក្សាការងារអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ស្របតាមស្មារតីកិច្ចសហប្រតិបត្តិការទេសចរណ៍គ្រប់ជ្រុងជ្រោយរវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលខេត្តហឺណាន និងគម្រោងវិថីសូត្រផ្លូវអាកាសហឺណាន-កម្ពុជា-អាស៊ាន (Henan-Cambodia-ASEAN Air Silk Road – HCAR)។ កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ សៅលីញ កម្ពុជា » នឹងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ និងការជំរុញបង្កើនជើងហោះហើររវាងកម្ពុជា និងចឹងចូវឱ្យបានច្រើនជាងមុន ។