កិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់
នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីវឌ្ឍនភាពនៃការងារត្រៀមរៀបចំបុណ្យសមុទ្រ លើកទី១១ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តកំពត។
ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ដឹកនាំតម្រង់ទិសសំខាន់ៗ ដល់អនុគណៈកម្មការបុណ្យសមុទ្រ និងលេខាធិការដ្ឋាន ព្រមទាំងណែនាំអំពីការចូលរួមសហការអនុវត្តតាមតួនាទីភារកិច្ច ប្រកបដោយភាពម្ចាស់ការ ទទួលខុសត្រូវខ្ពស់ ឈរលើស្មារតីសកម្ម បុរេសកម្ម និងអន្តរសកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែល, ប្រធាននាយកដ្ឋាន និងថ្នាក់ប្រហាក់ប្រហែល សរុប ចំនួន ៦៥នាក់ នៅទីស្តីការក្រសួងទេសចរណ៍។