ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko)
នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Prof. Dr. Max Gasssmann សមាជិកក្រុមប្រឹក្សាភិបាលអង្គការតុកកែញញឹម (Smiling Gecko) និងក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ និងរាយការណ៍អំពីសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការកន្លងមក ព្រមទាំងស្នើសុំការគាំទ្ររបស់ឯកឧត្តមរដ្ឋមន្រ្តី លើគម្រោងវគ្គបណ្តុះបណ្តាលមុខជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់។
ជាលទ្ធផលនៃកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងគាំទ្រ ចំពោះការចូលរួមចំណែករបស់អង្គការក្នុងការជួយផ្តល់នូវការបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចកម្រិតខ្ពស់ដល់យុវជនកម្ពុជា និងឯកភាពឱ្យពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់រវាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យ Zurich (UZH) និងសាកលវិទ្យាល័យ The University of Applied Science (ZHAW) ព្រមទាំងឯកភាពសហការគ្នាផ្តល់នូវកម្មវិធីសិក្សាថ្មីមួយបែបទៀតដល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ ដើម្បីផ្សារភ្ជាប់នូវគុណភាព និងលើកកម្ពស់សមត្ថភាពតាមរយៈការផ្តល់យោបល់ពីសាកលវិទ្យាល័យ Zurich (UZH) ទន្ទឹមនឹងនេះ អង្គការនឹងផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរគ្រូពីក្រៅប្រទេស ដើម្បីចែករំលែកនូវបទពិសោធ និងចំណេះដឹងថ្មីៗសម្រាប់បណ្តុះបណ្តាលនិស្សិតដែលកំពុងសិក្សានៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈក្រសួងទេសចរណ៍ និងជាឱកាសក្នុងការដកស្រង់បទពិសោធផ្ទាល់នៅតាមរីស៊តរបស់អង្គការ (Smiling Gecko)។