| |

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

នារសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត សានតូ ដាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជារួម ជំនួបទ្វេភាគីរវាង ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចប់ដោយភាតរភាព និងផ្លែផ្កា ដែលទទួលបានលទ្ធផលលើការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ដូចខាងក្រោម៖
១)- ឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។
២)- ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism)។
៣) – សហការរួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើតជើងហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ។
៤)- ពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារដកស្រង់បទពិសោធរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច។