ជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG)
ហុងកុង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) និងសហការីជាអគ្គនាយក/អគ្គនាយករងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្នែកទីភា្នក់ងារទេសចរណ៍ និង China Duty Free Shop ដើម្បីផ្លាស់ប្តូរទស្សនៈ និងយុទ្ធសាស្រ្តសំរាប់ពង្រឹងកិច្ចសហប្រតិបត្តិការរៀបចំកញ្ចប់ទស្សនកិច្ច និងជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ កម្ពុជា-ចិន ជាពិសេសប្រជាពលរដ្ឋពីតំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតំបន់ជុំវិញ។ តាមរយៈជំនួបពិភាក្សាកម្រិតខ្ពស់ និងប្រកបដោយផ្លែផ្កា កិច្ចសហប្រតិបត្តិការទេសចរណ៏ថ្មីៗ និងសំខាន់ៗ ត្រូវបានឯកភាពផ្តួចផ្តើមរួមមានការបង្កើតក្រុមការងារអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ការរៀបចំជំនួបផ្គូរផ្គង និង FAMTrip ការនាំភ្ញៀវមកតាម Charter Flight នាឆ្នាំថ្មី២០២៥ ការបង្កើតពាក្យស្លោកសម្រាប់យុទ្ធនាការទេសចរណ៏រួមគ្នារវាងក្រសួងទេសចរណ៏និងក្រុមហ៊ុន ការជំរុញនិងផ្សព្វផ្សាយផលិតផលខ្មែរនៅផ្សារ China Duty Free Shop។ល។
សូមជម្រាបជូនថា ក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ត្រូវបានស្គាល់ថាជា China Travel Services (Holdings) Hong Kong Limited បង្កើតឡើងតាំងពីឆ្នាំ១៩២៣ មកម្ល៉េះដែលមានអាយុ១០១ឆ្នាំមកទល់សព្វថ្ងៃនេះ គឺជាសហគ្រាសរដ្ឋរបស់ចិនដែលគ្រប់គ្រងនិងចាត់ចែងផ្ទាល់ដោយគណៈកម្មការមជ្ឈឹមបក្ស មានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុងដោយគិតត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុន CTG មានបុគ្គលិកជាង 43,000 នាក់ ទ្រព្យសម្បត្តិសរុបលើសពីប្រហែល 200 ពាន់លាន RMB និងមានបុត្រសម្ព័ន្ធរហូតដល់ចំនួន 600 ជាងក្រុមហ៊ុន ដែលអាចបម្រើភ្ញៀវទេសចរជាង 80 លាននាក់ក្នុងមួយឆ្នាំ។ ក្រុមហ៊ុន CTG បានបង្កើតជារចនាសម្ព័ន្ធឧស្សាហកម្ម ដែលរួមមានភ្នាក់ងារទេសចរណ៍ បណ្តាសណ្ឋាគារ ការលក់រាយក៏ល្បី China Duty Free Shop នាវាចរទេសចរណ៏ អចលនទ្រព្យ និងប្រតិបត្តិការទេសចរណ៍បែបទូលំទូលាយនៅទីក្រុងហុងកុង ដោយបានលាតសន្ធឹងលើប្រទេសចិន ហុងកុង ម៉ាកាវ និងក្រៅប្រទេសមានជាង30។ ក្រុមហ៊ុន CTG ប្រមូលផ្តុំម៉ាកទេសចរណ៍ល្បីៗដូចជា HKCTS, CITS, CTS និងCDF ដែលជាបណ្តុំសហគ្រាសដែលប្រតិបត្តិទេសចរណ៍ជាអាជីវកម្មស្នូលដ៏សំខាន់ និងជាសហគ្រាសទេសចរណ៍ឈានមុខគេនៅក្នុងប្រទេសចិន និងធំជាងគេបំផុត។